ខេត្តបាត់ដំបង: ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបជាង៤០០នាក់។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងបានចូលរួមគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវា ជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយជាដើម។
ឯកឧត្តម គូសបញ្ជាក់ថា ជាទិសដៅសម្រាប់អនុវត្តបន្តរបស់ក្រុមការងារគ្រប់ថ្នាក់ បន្តរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល, បន្តរៀបចំកិច្ចប្រជុំក្រុមការងារជាប្រចាំស្របតាមការណែនាំ, បន្តសហការគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថាប័ននានាដើម្បីកៀរគរធនធាន និងការគាំទ្រពីថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍន៍ សប្បុរសជន ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងជួយគាំទ្រក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងបន្តចុះសំណេះ សំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីស្តាប់នូវក្តីកង្វល់ បញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា, ជំរុញការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ អគារសាលារៀន មណ្ឌលសុខភាព ជួសជុលផ្លូវ ស្ពាន ទំនប់ស្ទាក់ទឹក ប្រព័ន្ធធារាសាស្ត្រ តបណ្តាញទឹកស្អាត និងតបណ្តាញអគ្គិសនីជាដើម។
ឯកឧត្តម បន្ថែមថា ក្នុងឆ្នាំ២០២៦នេះរដ្ឋបាលខេត្ត បានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីរៀបចំឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំសំពៅ និងទេសចរណ៍ប្រវត្តិ សាស្ត្រអាងកំពីងពួយឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងបង្កើនលំហូរចរន្តការទេសចរក្នុងខេត្តដើម្បីទាក់ទាញ ភ្ញៀវទេសចរក្រៅតំបន់ និងភ្ញៀវទេសចរក្រៅប្រទេសព្រមអភិវឌ្ឍន៍អាជីវកម្មទេសចរណ៍នៅនឹងកន្លែង។មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តត្រៀមរៀបចំអភិវឌ្ឍន៍ក្រុងបាត់ដំបងក្រោយគម្រោងស្តារប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលជាគម្រោងថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ខ្សែផ្លូវដែលត្រូវធ្វើការជួសជុលបន្ទាន់ចំនួន៧ខ្សែក្នុងនោះផ្លូវបេតុង៤ខ្សែប្រវែង៣.៦៣០ម៉ែត្រ និងផ្លូវកៅស៊ូ DBST ៣ខ្សែ ប្រវែង៧.៣៩០ម៉ែត្រ។ បន្ថែមពីលើការជួសជុលបន្ទាន់ រដ្ឋបាលខេត្តត្រៀមជួសជុលស្ដារឡើងវិញផ្លូវចំនួន៩ខ្សែ ក្នុងនោះផ្លូវបេតុង៧ខ្សែ ប្រវែងសរុប ៣.០៨៧ម៉ែត្រ និងផ្លូវកៅស៊ូ DBST ២ខ្សែ ប្រវែង៧៣០ម៉ែត្រ។រដ្ឋបាលខេត្ត បានជំរុញ និងតាមដានការជួសជុលឡើងវិញផ្លូវចំនួន២១ខ្សែប្រវែង ១០.៧៥៦ម៉ែត ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលកៅស៊ូ AC ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត។
ឯកឧត្តម ថ្លែងបន្តថា ក្នុងឆ្នាំ២០២៦នេះផងដែរ រដ្ឋបាលខេត្តគ្រោងរៀបចំស្ថាបនាបញ្ចប់សួនសិល្បៈ វិថីបេតិកភ័ណ្ឌជួសជុលកែលម្អសួនសម្តេចក្រឡាហោម និងដាក់រូបសំណាក់ព្រះវិស្ណុនៅសួនសម្តេចក្រឡាហោម ត្រើយខាងកើតដែលជាការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងឧបត្ថម្ភដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងបុត្រធីតា, រៀបចំដោះស្រាយសំណង់មិនរៀបរយនៅតាមរបងវត្តកណ្តាល និងរបងមន្ទីរពេទ្យឱ្យបានចប់, រៀបចំសួន ចំណតរថយន្តសាធារណៈ រៀបចំផ្លូវថ្មើរជើងនៅស្របតាមរបងវត្តកណ្តាលទៅដល់ផ្លូវជាតិលេខ៥ និងរៀបចំមាត់ស្ទឹង ស្ពានថ្មើរជើងឆ្លងស្ទឹង រៀបចំសួនតោក្បែរស្ពានថ្មចាស់ និងជួសជុលស្ពានថ្មចាស់សម្រាប់ថ្មើរជើង។ លើសពីនេះរដ្ឋបាលខេត្តបានចលនារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យរៀបចំបើកផ្លូវ រំដោះចំណីផ្លូវ កាត់សំយ៉ាប ដាក់បង្គោលភ្លើងសូឡាតាមទីប្រជុំជនក្រុង ស្រុក ឃុំ សង្កាត់ និងតាមបណ្ដោយផ្លូវជាតិលេខ៥ និងបន្តដាំដើមឈើក្នុងយុទ្ធនាការផ្ទះ១ខ្នងដើមឈើ១ដើមតាមទីប្រជុំជនក្រុង ស្រុក និងឃុំ សង្កាត់។
មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងារចង់ឃើញពីតួនាទីដ៏រស់រវើកប្រកបដោយបុរេសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមានរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ដែលនៅកៀកជាមួយប្រជាពលរដ្ឋ ផ្ដួចផ្ដើមគំនិតលើកឡើងពីអ្វីដែលជាតម្រូវការចាំបាច់នៅមូលដ្ឋានរបស់ខ្លួនយកមកពិភាក្សាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើ ម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅសំដៅធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។
ឯកឧត្តម គូសបញ្ជាក់ថា ក្រៅពីការខិតខំប្រឹងប្រែងកសាងសមិទ្ធផល និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្រុមការងារត្រូវរៀបចំឱ្យមានវេទិកាសាធារណៈដោះស្រាយបញ្ចប់បញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមជំរុញក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តចុះបំពេញការងារឱ្យបានជិតស្និទកៀកកិតជាមួយប្រជាពលរដ្ឋដើម្បីក្ដាប់ពីសំណើរសំណូមពរនិងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលារួមគ្នាប្រែក្លាយការឈឺចាប់ដោយសាការឈ្លានពានពីភាគីថៃទៅជាកម្លាំងសាមគ្គីជាតិឱ្យរឹងមាំ៕

