ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី និងលោកជំទាវ ដង្ហែអង្គបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនព្រះសង្ឃនៅវត្តពោធិរង្សី (វត្តត្រពាំងទឹម)

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្ដមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា នៅក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹមស្ថិតនៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍លើកឡើងថា៖ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងជាការរួមចំណែកដ៏មានអត្ថន័យ ក្នុងការរឹតបន្តឹងសាមគ្គីភាព សាសនា និងការអភិវឌ្ឍ វត្តអារាម សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។

ឯកឧត្ដមបណ្ឌិត បន្ថែមទៀតថា ការរៀបចំបុណ្យផ្កាប្រាក់សាមគ្គីនេះ មិនត្រឹមតែជាការបំពេញកុសលតាមបែបសាសនានោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងការរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បន្ថែមទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំនិងនាំមកនូវសន្តិភាពជូនដល់ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត បាននាំយកនូវបច្ច័យ ចំនួន 6.600.000 មុឺនរៀល ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដើម្បីប្រើប្រាស់ក្នុងគោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តឱ្យកាន់តែប្រសើរឡើង សម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។ ឯកឧត្តមក៏បានចែកជូនក្រមាទុកជាអនុស្សាវរីយ៍ដល់ពុទ្ធបរិស័ទចូលរួម ចំនួន ៣១២ នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមាមួយផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *