ខេត្តព្រៃវែង: នៅថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរោងដំរី និងទីស្នាក់ការស្រុកបាភ្ន ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៦៦០នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ១៧៩នាក់ ស្រី ៨១នាក់។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន: ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សស្រុកជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។ មិនតែប៉ុណ្ណោះ ឯកឧត្តមប្រធាន ក៏បានបន្ថែមទៀតថា ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងមិនត្រូវជឿលើការញុះញង់បំភ្លៃការពិតរបស់ជនអគតិណាម្នាក់ឡើយ។
🙏សូមអរគុណសន្តិភាព🙏

