(ភ្នំពេញ) :សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី ពីសេដ្ឋកិច្ចដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយ និងរឹងមាំ ព្រមទាំងមានសមត្ថភាពចាប់យកវិស័យឧស្សាហកម្មថ្មីៗ និងមានតម្លៃបន្ថែមខ្ពស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើពិពិធកម្ម និងការឈានទៅចាប់យកវិស័យឧស្សាហកម្មទំនើបៗទាំងនេះ គឺសម្រេចបានតាមរយៈការដាក់ចេញ និងការអនុវត្តយ៉ាងសកម្មទាន់ពេលវេលានូវគោលនយោបាយដ៏ត្រឹមត្រូវ មុតស្រួច និងចំទិសដៅរបស់រាជរដ្ឋាភិបាល៕

