ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡុក ឡងឌី និងឯកឧត្តម ជ្រិញ គឹមនី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព លោក វរសេនីយ៍ឯក ស៉ិន សួង មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយដាច់សសៃឈាមក្នុងខួរក្បាល ហើយសពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានៅគេហដ្ឋាននៃសព ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំ និងប្រតិភូខេត្ត បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិ ក្នុងការដឹកនាំបំពេញកាតព្វកិច្ចការពារ កសាងជាតិមាតុភូមិក្នុងមួយជីវិត ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងការលះបង់ធំធេង ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដី និងនាំមកនូវសេចក្ដីសុខសន្តិភាព សុវត្ថិភាពជូនប្រជាជាតិកម្ពុជាទាំងមូល។
ក្នុងនោះដែរគណៈប្រតិភូក៏បានធ្វើការបូជាទៀនធូប ដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសព សូមឱ្យ លោក វរសេនីយ៍ឯក ស៉ិន សួង បានទៅកាន់សុខគតិភពថ្មី ព្រមទាំងបែរងាកក្រោយឱ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឱ្យទទួលនូវសេចក្ដីសុខ និងឱ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ៕

