ឯកឧត្តម ខូយ រីដា បន្តទទួលថវិកាពីសប្បុរសជននានា ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ៖ ក្រោមការផ្តួចផ្តើម របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជន ក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស បានបរិច្ចាគថវិកា ដែលកើតចេញពីកម្លាំងញើសឈាមជាបន្តបន្ទាប់ ក្នុងការចូលរួមជាកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ជាក់ស្តែងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ នៅបន្ទប់ប្រជុំជាន់ទី១, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកា ពីសប្បុរសជនក្នុងខេត្ត និងសប្បុរសជនតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ២០%ហើយ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុងខេត្ត និងសប្បុរសជនតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។

ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធន របស់អស់លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមបន្ថែមទៀត ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *