(កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏កក់ក្តៅ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ ដែលពិធីនេះ ធ្វើឡើងនៅលើសួនស្មៅ ខាងមុខសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។
នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ្រ ចន្នមុន្នី ហ៊ុនម៉ាណែត ដែលសម្តេចនិងលោកជំទាវ តែងតែយកចិត្តទុកដាក់ ឈឺឆ្អាលអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់កាលៈទេសៈ ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការអ្វីឡើយ។
ឯកឧត្តមអភិបាលខេត្ត សូមចាត់ទុកនូវវត្តមានដ៏កក់ក្តៅបំផុត របស់លោកជំទាវបណ្ឌិត នាឱកាសនេះ គឺជាឱសថទិព្វជួយព្យាបាលរបួសដួងចិត្តរបស់បងប្អូនគ្រួសារវីរយុទ្ធជនជួរមុខ ឲ្យបានជាសះស្បើយ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន្នមុន្នី ហ៊ុនម៉ាណែតព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន បរវាសជៀសឆ្ងាយពីជំងឺដង្កាត់ទាំងឡាយ សមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺអាយុវណ្ណៈ ឃ្លៀងឃ្លាតឡើយ។
ស្ថិតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនសមាជិកក្រុមគ្រួសារវីរកងទ័ពគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។
លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រេីននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតដើម្បីបន្តលើកកម្ពស់ស្មារតីវេញជាធ្លុងមួយរបស់ខ្មែរ៕

