ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យកិច្ចការងារដែលបានដាក់ចេញកន្លងមក លើការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅទីប្រជុំជនផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រោយពេលលោកអភិបាលថ្មី នៃស្រុកតាលោសែនជ័យ ទើបប្រកាសឱ្យចូលកាន់មុខតំណែង បានជាង ១ខែកន្លងមកនេះ។
ក្នុងដំណើរចុះត្រួតពិនិត្យកិច្ចកាងារខាងលើនេះ បានការចូលរួមពីលោក អភិបាលរងខេត្ត, លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ រូប ឯកឧត្តម បានដាក់ផែនការ និងណែនាំដល់ លោកអភិបាលស្រុកថ្មី ត្រូវខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតីដឹកនាំ ដើម្បីធ្វើឱ្យស្រុកកូនពៅមួយនេះ មានការប្រែមុខប្រែមាត់ និងលើកកម្ពស់សោភណ្ឌភាពស្រុកជាប្រវត្តិសាស្ត្រ។
ឯកឧត្តម បន្តថា កំណាត់ផ្លូវជាតិលេខ៥៥ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៃឃុំស្នាមព្រះ រហូតដល់វត្តហ្លួង សង្កាត់លលកស គឺជាផ្លូវគំរូឈានមុខគេ ក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន មុននឹងបន្តតាមបណ្តាមូលដ្ឋានមួយចំនួនទៀត ក្នុងខេត្តពោធិ៍សាត់។
នៅចំណុចច្រមុះជ្រូកសង្កាត់លលកស បំបែកពីផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១៥៥ A១ ឯកឧត្តម ក៏មានគម្រោងសាងសង់និមិត្តរូប ទេពឧកញ៉ាឃ្លាំង មឿង ជិះសេះកាន់លំពែង កំចាត់សត្រូវឈ្លានពាន ព្រមទាំងស្ថាបនាជាសួនច្បារដ៏ស្រស់ស្អាត និងដាក់ភ្លើងបំភ្លឺផងដែរ។ សម្រាប់ស្រុកតាលោសែនជ័យ និងត្រៀមរៀបចំសាងសង់រង្វង់មូលតោពីរ តំណាងឱ្យទីរួមស្រុកផងដែរ ដោយស្រុកតាលោសែនជ័យ គឺជាស្រុកអាទិភាព ដែលត្រូវបន្តអនុវត្តន៍លើកិច្ចការងារទាំងអស់នេះ ព្រោះដោយហេតុថា អភិបាលស្រុកទើបនឹងឡើងថ្មី ពោរពេញទៅដោយសមត្ថភាព និងមានភាពវៃឆ្លាយក្នុងការដឹកនាំ៕

