(កំពង់ចាម): ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម គង់ ឈឿន អតីតសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី១ និងជាអតីតប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ចាម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង ៤០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយរោគាពាធ។
ក្នុងសមានទុក្ខដ៏សែនសោកសៅក្រៀមក្រំនេះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូអមដំណើរ បានអញ្ជើញដាក់កូរោណផ្កា អុចធូប ចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម គង់ ឈឿន និងបានចាត់ទុក មរណភាពរបស់ ឯកឧត្តម គង់ ឈឿន គឺជាការបាត់បង់ធនធានមនុស្ស ដ៏មានតម្លៃ របស់គណបក្ស រណសិរ្ស និងប្រទេសជាតិ និងជាការបាត់បង់ ស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងគុណ សម្បត្តិដ៏ច្រើន សម្រាប់ក្រុមគ្រួសារ ទាំងមូល ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានប្រតិភូ សូមសំដែងនូវមនោសញ្ចេតនាគោរពចងចាំ ជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ ឯកឧត្តមចំពោះជាតិ មាតុភូមិ និងសូមដួង វិញ្ញាណក្ខន្ធ ឯកឧត្តម បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

