(ភ្នំពេញ) :នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះ សំណាលនិងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញបន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល១៥៥ថ្ងៃ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង១៨រូបនិងបានផ្ដាំផ្ញើពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមាន ព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធនិងក្រសួងនានា ក៏ដូចជាមហាជន និងប្រជាជនចំពោះវីរៈកងទ័ពកម្ពុជាទាំង១៨រូប។
ក្នុងមតិសំណេះសំណាល ឯកឧត្តមបានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ពបានខិត ខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លង មក។
ទន្ទឹមនេះដែរ ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង១៨រូប ពេលត្រឡប់ទៅអង្គភាពវិញត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដើម្បីផលប្រយោជន៍ជាតិ៕

