ឯកឧត្តម សុខ លូ អមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាលចិន ឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបាត់ដំបង

(បាត់ដំបង) :នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាលចិន ឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកចំនួន១,២០០គ្រួសារនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក និងប្រគល់អំណោយដ៏ថ្លៃថ្លានៅមណ្ឌលសុវត្ថិភាពវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ដែលមកពីបណ្តាស្រុកជាប់ព្រំដែន មានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន និងខេត្តបន្ទាយមានជ័យជាដើម។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនជំនួយមកកម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តចិនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញក្តីរីករាយ ដែលបាននាំយកជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន មកឧបត្ថមជូនពលរដ្ឋភៀសសឹក ជាមួយនឹងឯកឧត្តម កិត្តិសង្គហបណ្ឌិត គង់ គីម ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជូនពរប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនទាំងឡាយ នឹងឆាប់បានវិលត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស និងឆ្ពោះទៅរកប្រក្រតីភាពជីវភាពយ៉ាងឆាប់រហ័សវិញ។

ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿងនិងការស្តារឡើងវិញដូចពេលមុន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *