ឯកឧត្តម បណ្ឌិត ម៉ា ឈឿន និងលោកជំទាវ អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនវិរកងទ័ព ២ រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ

(កំពង់ចាម): នាព្រឹកសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះជួយស្រុកជើងព្រៃ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនវិរកងទ័ព ២ រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងគិតគូរថ្វាយខ្វល់អំពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពរបស់យើងគ្រប់រូប ក៏ដូចជាប្រជាជនខ្មែរទាំងមូល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ក៏បានសួរសុខទុក្ខ និងផ្ដល់សម្ភារៈ និងថវិកាដល់ស្រ្តីសម្រាលកូន នៅក្នុងមន្ទីរពេទ្យចំនួន ០៥ នាក់ ដែលកំពុងសម្រាកមាតុភាព ក្បែរគ្នានោះផងដែរ។

បន្ទាប់មកឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពីធីជួបសំណាលសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅក្នុងស្រុកជើងព្រៃ ចំនួន ១៩២ គ្រួសារ ដែលពិធីនេះធ្វើនៅបរិវេណវត្តត្រពាំងស្លា ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារចុះជួយឃុំទាំង១០ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ អាជ្ញាធរឃុំ ភូមិ សរុបប្រមាណ ២៧៨ នាក់ ស្រី ១៥៧ នាក់។

ក្នុងនោះឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារទាំង១៩២ ដោយក្នុង ០១គ្រួសារៗ ទទួលបាន៖
– អង្ករ ០១ បេ ស្មើនឹង ២០ គីឡូក្រាម
– មី ០១ កេស
– ទឹកត្រី ០១ យួរ
– ទឹកស៊ីអ៊ីវ ០១ យួរ
– និងត្រីខ ០១ យួរ។

បន្ទាប់មកឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត និងក្រុមការងារ ក៏បានចូលថ្វាយបង្គំ និងប្រគេនបច្ច័យកសាងដល់ព្រះគ្រូចៅអធិការវត្តត្រពាំងស្លា ឧបត្ថម្ភដល់កងកម្លាំងការពារ និងឧបត្ថម្ភសម្រាប់ចំណាយក្នុងការរៀបចំកម្មវិធី សរុប ចំនួន ១៩.៩០០.០០០ រៀល និង១.៥៥០ ដុល្លារ។ ក្នុងនោះលោក ខាត់ សុខន អនុប្រធានគណៈកម្មាធិការបក្សស្រុក និងប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្ស ចុះជួយឃុំគោករវៀង ចំណាយថវិកាអស់ចំនួន ១.៥០០.០០០ រៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *