អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញផ្ដល់ស្បៀងអាហារ ដល់ជនភៀសសឹកជាង ៥០០០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព ២ទីតាំង

ខេត្តឧត្ដរមានជ័យ ៖ ជនភៀសសឹកចំនួន៥០៣៦គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ២ទីតាំង ក្នុងភូមិសាស្ត្រខេត្ត ទទួលបានស្បៀងអាហារ ពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥នេះ។

ឯកឧត្ដម អភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនជនភៀសសឹកទាំងអស់គ្នា ដែលជានិច្ចកាល សម្ដេចតែងតែនៅក្បែរបងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពដែលបងប្អូនត្រូវចាកចេញពីលំនៅឋានដោយសារតែសង្រ្គាមឈ្លានរបស់ថៃមកលើកម្ពុជា។

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា «សូមបងប្អូនជនភៀសសឹកទាំងអស់ ត្រូវមានទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលមិនបោះបង់បងប្អូនណាម្នាក់ចោលឡើយ ហើយនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងការផ្ដល់ជំនួយសង្គ្រោះបានទាន់ពេលវេលាបំផុត»។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព ដោយគោរពតាមគោលការណ៍អនាម័យ “៣ ស្អាត” រួមមាន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *