រដ្ឋមន្រ្តីសុខាភិបាល៖ ការសង្រ្គោះព្យាបាលជូនវីរកងទ័ពកម្ពុជា ជាអាទិភាពខ្ពស់បំផុត ទោះស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំដោយផ្ទាល់ នូវការប្រជុំក្រុមគ្រូពេទ្យឯកទេសពហុជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀងផ្ទាត់បន្ថែម គ្រប់ជ្រុងជ្រោយ និងដោយលក្ខណៈស៊ីជម្រៅ សំដៅបន្តការថែទាំព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោកសាស្រ្តាចារ្យ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។

ជាមួយគ្នានោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជួរមុខទាំងអស់ ដែលក្នុងនាម «កងទ័ពអាវស» នៅជួរក្រោយ ខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការសង្រ្គោះព្យាបាលវីរកងទ័ពរបស់យើង និងសូមជូនពរបងប្អូនកងទព័ ឱ្យឆាប់ជាសះស្បើយ មានសុខភាពប្រសើរដើម្បីការពារជាតិមាតុភូមិកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *