(ពោធិ៍សាត់) : ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ពលរដ្ឋភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។
អំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាគ្រឿងឧបភោគបរិភោគ ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ ឃីតចំនួន ២,៥០០កញ្ចប់ និងមីកំប៉ុងចំនួន ២,០០០កេស ដោយមានការទទួលពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាខេត្ត។
លោក ខូយ រីដា បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម គៀត ច័ន្ទចារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបាននាំយកគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានជួយដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង ៩០០គ្រួសារ។
ឯកឧត្តម អភិបាលខេត្ត បន្តថា គ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តម បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្ត ក៏សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់៕

