(បាត់ដំបង) ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជន មានអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ដែលឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភជូនបងប្អូនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងនោះបានឧបត្ថមជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងក្នុងស្រុកថ្មគោល និងចំនួន២ទីតាំងនៅមណ្ឌលសុវត្ថិភាពស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញខិតខំយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់ ជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។
ឯកឧត្តម ក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពចូលរួមរក្សាអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត រស់នៅស្អាត។
ឯកឧត្តមបាន បន្តណែនាំដល់បងប្អូនភៀសសឹកត្រូវចេះ គោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ ដើម្បីរស់នៅបានសុខសាន្ត មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាពក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ។
ឯកឧត្តម បានបន្តទៀតថា សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយសត្រូវឈ្លានពាន។
ជាមួយគ្នានោះដែរ បងប្អូនដែលបានជនភៀសសឹកបានបង្ហាញអារម្មណ៍កក់ក្តៅដែលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនដែលតែងតែ ជួយសម្រួលនូវទុក្ខលំបាកនានានៅតាមមណ្ឌលភៀសសឹក៕ដោយព្រំ :ហន

