ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហុី ធួក អភិបាលរងខេត្តព្រៃវែង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងការចែករង្វាន់ លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដែលប្រារព្ធធ្វើឡើងនៅ វិទ្យាល័យ ព្រះអង្គឌួង ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ លោក ហុី ធួក អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើប្រកបដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ដោយបាន សំណូមពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ គោរពស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម ក៏ដូចជាបន្តក្រេបជញ្ជក់ចំណេះដឹងដើម្បីក្លាយជា «ទំពាំងស្នងឫស្សី» ដ៏រឹងមាំសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជានិរន្តរ៍ទៅអនាគត។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក៏បានប្រព្រឹត្តទៅនូវបរិយាកាសសប្បាយរីករាយ តាមរយៈការប្រគល់រង្វាន់ លិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ ដើម្បីជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំសិក្សាកន្លងមក។
ជាទីបញ្ចប់ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

