(កំពង់ចាម)៖ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព។
តាមផែនការ ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមាន ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងអញ្ជើញទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

