ខេត្តប៉ៃលិន: លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសំណូមពរ លោកគ្រូ-អ្នកគ្រូ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន។
ការសំណូមពររបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានធ្វើឡើងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ២០២៦-២០២៧នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ១០កន្លែង ក្នុងនោះ វិទ្យាល័យចំនួន ៤ និងអនុវិទ្យាល័យចំនួន ៦ មានសិស្សសរុប ៦.១៦៧នាក់។ គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣សាលា មានសិស្សសរុប ១៣.០៣០នាក់, គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈចំនួន ២៧កន្លែង (សាលាមត្តេយ្យដាច់ដោយឡែក ២សាលា) សិស្សសរុប ១៨០០នាក់, មត្តេយ្យសហគមន៍ចំនួន ១៣កន្លែង សិស្សសរុប ៤០០នាក់ និងមត្តេយ្យឯកជនចំនួន ១០កន្លែង សិស្សសរុប ៧១៩នាក់។
លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូមពរដល់លោក គ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសន៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
លោកជំទាវបណ្ឌិត បន្ដថា ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង «អំពើល្អ» ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុង សង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ៕

