មន្ទីរព័ត៌មានខេត្តកំពង់ចាម បានអំពាវនាវឱ្យពិនិត្យ មើលបន្តិចសិន កុំទាន់អាលស៊ែរ ព្រោះព័ត៌មានដែលអ្នកកំពុងអាន អាចជាព័ត៌មានក្លែងក្លាយ

(កំពង់ចាម) :មន្ទីរព័ត៌មានខេត្តកំពង់ចា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន សិស្សានុសិស្ស សូមឱ្យពិនិត្យមើលបន្តិចសិន កុំទាន់អាលស៊ែរ សូមប្រុងប្រយ័ត្ន! ព្រោះព័ត៌មានដែលអ្នកកំពុងអាន អាចជាព័ត៌មានក្លែងក្លាយ ការថ្លែងបែបនេះក្នុងឱកាសក្រុមការងាររបស់មន្ទីរព័ត៌មាន ដឹកនាំដោយ លោក ហ៊ាង ចាន់ថា អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តចុះធ្វើយុទ្ធនាការ ផ្សាព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅស្រុកជេីងព្រៃ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ។

នាឱកាសនោះ លោក ហ៊ាង ចាន់ថា បានថ្លែងថា ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺ ដើម្បីផ្តល់សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប ដូច្នេះយេីងត្រូវមើលនិងពិនិត្យបន្តិចសិន កុំទាន់អាលចែករំលែក ព្រោះព័ត៌មានដែលអ្នកកំពុងអាននោះអាចជាព័ត៌មានក្លែងក្លាយ ពោលគឺត្រូវពិនិត្យប្រភព ស្រាវជ្រាវ ត្រិះរិះពិចារណា និងពិនិត្យភស្ដុតាង ព្រមទាំងសង្កេតរូបភាពក្លែងក្លាយតើស្ដាប់ទៅសមហេតុផលឬអត់ ។

លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា យុទ្ធនាការនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យរៀបចំឡើងដើម្បី លើកកម្ពស់ការយល់ដឹង ប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមាន ការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយនិងបន្សាប ព័ត៌មានក្លែងក្លាយនោះ ។

លោក ហ៊ាង ចាន់ថា អនុប្រធានមន្ទីរ បានឱ្យដឹងផងដែរថា យុទ្ធនាការនេះ គឺពិតជាសំខាន់ ណាស់ ដូច្នេះ ហេីយក្រុមការងារយេីងនឹងបន្តចុះធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនានានៅទូទាំងខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យមានការយល់ដឹងពីព័ត៌មានមានក្លែងក្លាយ ពោលគឺសំដៅទៅលើព័ត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើអំពើហង្សា តាមរយៈការផ្សព្វផ្សាយលើ ប្រព័ន្ធអ៊ីនធឺនែត ឬ បណ្តាញទំនាក់ទំនងសង្គម ដែលបង្កភាពចលាចលនៅក្នុងសង្គមផងដែរ ៕

ប្រភព:មន្ទីរព័ត៌មានខេត្តកំពង់ចាម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *