ផ្ទះ ចំនួន ២ខ្នង ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំស៊ាងឃ្វាង និងឃុំត្របែក ក្នុងស្រុកកំចាយមារ

(ព្រៃវែង) :នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រៃវែង បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ព្រមទាំងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំស៊ាងឃ្វាង និងឃុំត្របែក ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណ:កម្មធិការសាខា បាននាំយកប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

បន្ថែមពីនេះ ឯកឧត្តម សួន សុម៉ាលីន សូមផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដូចជាការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក្រុមការងារសាខាខេត្ត ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនបន្ថែមដល់ក្រុមគ្រួសារទាំងពីរ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល និងបានឧបត្ថម្ភថវិកាដល់លោកតា លោកយាយ ចូលរួមក្នុងកម្មវិធីផងដែរ។

ក្នុងនោះផងដែរ អនុសាខាស្រុកកំចាយមារ ក៏បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២០គ.ក មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកផ្លែឈើ ១កេស និងថវិកាចំនួន ២០០,០០០រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *