បង្កើតបទឈប់បាញ់រួចទៅហើយ តែកងទ័ពថៃបែរជាប្រើល្បិច រួចភ្ជង់កំាំភ្លើងចាប់កងទ័ពកម្ពុជាជិត២០នាក់ និងប្រហែលបាញ់សម្លាប់២នាក់

(ភ្នំពេញ) ៖ កងទ័ពថៃ មិនព្រមបញ្ឈប់ឡើយ ដោយនៅតែបន្តធ្វើអំពើសាហាវឃោរឃៅដាក់កងទ័ពកម្ពុជា ទាំងដែលបទឈប់បាញ់រវាងប្រទេសទាំង២ ត្រូវបានបង្កើតឡើងរួចទៅហើយ។ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានបញ្ជូនរថក្រោះចូលមក និងបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា តែកងទ័ពកម្ពុជា ប្រឹងអត់ទ្រាំ ពុំបានបាញ់តដៃវិញឡើយ ព្រោះគោរពបទឈប់បាញ់ដែលរាជរដ្ឋាភិបាលប្រទេសទាំង២ទើបបង្កើតឡើង នៅប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី២៨កក្កដា។

ព័ត៌មានអំពីការបន្តបាញ់ប្រហារពីសំណាក់ទាហានថៃនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លើកឡើងប្រាប់ទៅមន្រ្តីយោធានៃស្ថានទូតចំនួន១៣ប្រទេសប្រចាំកម្ពុជា ក្នុងពេលពួកគេចុះទៅពិនិត្យមើលតាមព្រំដែន នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ លោកមេបញ្ជាការរងរូបនេះ បន្តថា ក្រោយបើកការបាញ់មកលើកងទ័ពកម្ពុជាមួយប្រាវ កងទ័ពថៃ ក៏ឈប់បាញ់ ហើយក៏ចេញមកបក់ដៃធ្វើជាហៅកងទ័ពកម្ពុជាទៅចរចាគ្នា។ លោកបន្ថែមថា ឃើញដូច្នេះ កងទ័ពកម្ពុជា២០ជាកូនចៅរបស់លោក ក៏ដើរទៅជួបកងទ័ពថៃ ដើម្បចរចាគ្នា។
បុរសនិយាយដោយលើកដៃទាំង២ធ្វើកាយវិការជាអ្នកបកប្រែ ហើយនៅស្តាំដៃអ្នកបកប្រែ គឺលោកឧត្តមសនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ រៀបរាប់ប្រាប់ទៅមន្រ្តីយោធានៃស្ថានទូតបរទេស។ ​ប៉ុន្តែ នេះជាល្បិចកលរបស់ទាហានថៃ លោកមេបញ្ជាការរង ច័ន្ទ សុភ័ក្ត្រា​ និយាយទាំងឈឺចាប់ទៅកាន់មន្រ្តីយោធាបរទេសទាំង១៣ប្រទេសថា ពេលកងទ័ពកម្ពុជាទាំង២០នាក់ទៅដល់ និងបានចរចាគ្នារួច ហើយពេលកំពុងឈរថតជាមួយគ្នា ទាហានថៃមួយក្រុមផ្សេងទៀតដែលលាក់ខ្លួនក្នុងព្រៃនៅក្បែរនោះ ក៏ស្ទុះចេញមក ហើយដកកាំភ្លើងភ្ជង់ទាហានកម្ពុជាតែម្តង។ លោក​អះអាងទៀតថា ក្នុងចំណោមទាហានកម្ពុជាទាំំង២០នាក់នោះ មានតែ១នាក់ប៉ុណ្ណដែលរត់រួចត្រឡប់មកវិញ ២នាក់ទៀត សង្ស័យត្រូវបាញ់សម្លាប់ ហើយ១៧នាក់ទៀត ត្រូវទាហានថៃចាប់ខ្លួនយកទៅបាត់។
សូមរំលេចបន្តិចសិនថា ក្រោយរួចជីវិត ទាហានកម្ពុជាម្នាក់ ដែលរត់រួចពីការចាប់របស់កងទ័ពថៃ ក៏ប្រាប់គេឯងថា ពេលនោះ គាត់ធ្វើពុតជាស្លាប់ ទើបមានឱកាសរត់រួច។ ទាហានកម្ពុជារូបនោះ ពុំត្រូវរបួសឡើយ ដោយគ្រាន់តែអស់កម្លាំង ហើយបច្ចុប្បន្ន កំពុងសម្រាកក្នុងមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្នុងចំណោមទាហានកម្ពុជា២នាក់ ដែលត្រូវសង្ស័យថា ត្រូវទាហានថៃបាញ់សម្លាប់ គឺមានម្នាក់រួចជីវិតដែរ តែម្នាក់ទៀត ត្រូវបាត់បង់ជីវិត។ ទាហានកម្ពុជា ដែលរួចជីវិតពីការបាញ់ប្រហារដោយទាហានថៃ ក៏ចេញមកនិយាយប្រាប់គេពីការរួចជីវិតនេះដែរ។ ដូច្នេះ ក្នុងចំណោមទាហានកម្ពុជា២០នាក់ ត្រូវទាហានថៃចាប់ខ្លួនយកទៅ១៧នាក់ ត្រូវបាញ់សម្លាប់ម្នាក់ និងរួចខ្លួន២នាក់។

រូបដោះអាវ និងប្ល័រ ជាទាហានកម្ពុជា ដែលរួចជីវិតពីការចាប់របស់ទាហានថៃ។
នៅចំពោះមុខមន្រ្តីយោធាបរទេស លោកឧត្តមសេនីយ៍ទោស ច័ន្ទ សុភ័ក្ត្រា​ រៀបរាប់លម្អិតពីហេតុការណ៍នេះ យ៉ាងដូច្នេះថា៖នៅពេលដែលជួបភាគីខាងយើងទាហានថៃគាត់ហាក់បីដូចជាបញ្ចេញកាយវិការ ព្រមទាំងទឹកចិត្តសប្បាយរីករាយជាមួយយើង ចាប់ដៃនិយាយជាមួយគ្នាល្អណាស់។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលចរចាគ្នាថា ឈប់បាញ់រួច ខាងគាត់ក៏ហៅថត ដើម្បីរក្សាទុកជារូបភាពអនុសាវរីយ៍រវាងកងទ័ពកម្ពុជា-ថៃ នៅពេលកំពុងឈរថត ខាងគាត់ក៏បានបញ្ជាឱ្យកម្លាំងគាត់ដែលនៅក្នុងព្រៃលោតមកភ្ជង់កម្លាំងខ្ញុំពីក្រោយ»។

ទង្វើរបស់កងទ័ពថៃ កំពុងបញ្ចេះកំហឹងដល់ប្រទេសកម្ពុជា ហើយបង្ហាញពិភពលោកឱ្យឃើញច្បាស់ថា ថៃ ជាភាគីបង្ករឿង និងកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ ដែលចូលរួមជួយបង្កើតឡើងដោយម៉ាឡេស៊ីជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ និងជំរុញគាំទ្រដោយមហាអំណាចទាំំង២ គឺអាម៉េរិក-ចិន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *