អភិបាលខេត្តពោធិ៍សាត់ ចុះវាយតម្លៃផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកបាកាន និងអំពាវនាវឱ្យប្រជាកសិករត្រៀមបម្រុងទឹកទុកសម្រាប់រដូវប្រាំង (Video inside)

(ពោធិ៍សាត់)៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយអនុប្រធានក្តាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីទីតាំងខាងលើទើបតែបានឆ្លងផុតពីគ្រោះរាំងស្ងួតកាលពី ២ខែកន្លងទៅ ដែលកាលនោះ អាជ្ញាធរខេត្តបានខិតខំអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សាយ៉ាងយកចិត្តទុកដាក់។

ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា កន្លងមក អាជ្ញាធរបានខិតខំប្រឹងប្រែងនាំទឹកអន្តរាគមន៍ចេញពីអាងទំនប់ទី៣ និងទី៥ ក្នុងស្រុកភ្នំក្រវាញ បង្ហូរចូលស្ទឹងពោធិ៍សាត់ រួចបែងចែកតាមប្រឡាយមេដំណាក់អំពិល និងប្រឡាយរង មកកាន់តំបន់នេះ។ ទោះបីជាមានការអន្តរាគមន៍សង្គ្រោះទឹក និងផ្តល់ស្រូវពូជរួចហើយក្តី ក៏ឃុំចំនួន២ ក្នុងចំណោម ៥ឃុំ នៃស្រុកបាកាន គឺឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង បានជួបប្រទះវិបត្តិធ្ងន់ធ្ងរជាងគេ ដោយសាររងគ្រោះពីរជាន់ គឺ «គ្រោះរាំងស្ងួតផង និងជំនន់ទឹកភ្លៀងផង»។

ឯកឧត្តមបន្ថែមថា តាមការចុះវាយតម្លៃជាក់ស្តែង នៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ភូមិរងផលប៉ះពាល់ ចំនួន១៨ភូមិ, ប្រជាពលរដ្ឋប៉ះពាល់ ចំនួន៣២៨គ្រួសារ លើផ្ទៃដីស្រូវប៉ះពាល់ សរុប៦៤៩ហិកតា និងផ្ទៃដីស្រូវខូចខាតទាំងស្រុង ចំនួន៨៥ហិកតា។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយសារស្រូវជិតដល់ពេលប្រមូលផលទៅហើយ បែរជាត្រូវខូចខាតដោយសារជំនន់ទឹកភ្លៀងទៅវិញ ហើយប្រសិនបើយ៉ាងណាម៉ិញ មានទឹកភ្លៀងបន្តធ្លាក់បន្ថែមទៀត ផលប៉ះពាល់អាចនឹងកើនឡើងលើសនេះ។

ដើម្បីឆ្លើយតបចំពោះស្ថានការណ៍នេះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានរាយការណ៍ជូនថ្នាក់ជាតិ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, គណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យដោយផ្ទាល់ ដើម្បីត្រៀមរៀបចំស្បៀងអាហារ និងស្រូវពូជ ចែកជូនប្រជាកសិករ នាពេលឆាប់ៗខាងមុខ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាប្រឈមធំនៅខាងមុខ គឺគ្រោះរាំងស្ងួតដែលអាចអូសបន្លាយពេលយូរ ចាប់ពីខែវិច្ឆិកាទៅ។ ដូច្នេះការផ្តល់ស្រូវពូជសម្រាប់ស្តារឡើងវិញ គឺផ្តល់អាទិភាពតែចំពោះឃុំមួយចំនួនតូច ដែលនៅជិតប្រភពទឹកប៉ុណ្ណោះ។

ចំពោះឃុំដែលឆ្ងាយពីប្រភពទឹក ឯកឧត្តមបានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករ កុំបន្តធ្វើស្រូវស្តារឡើងវិញទៀត ដើម្បីរក្សាស្តុកទឹកទុក សម្រាប់ប្រើប្រាស់ និងទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ចំពោះប្រជាពលរដ្ឋដែលមិនអាចធ្វើស្រូវស្តារឡើងវិញបាន អាជ្ញាធរខេត្តប្តេជ្ញានឹងខិតខំស្វែងរកស្បៀងអាហារឧបត្ថម្ភ ដើម្បីធានាថាគ្មានបងប្អូនណាម្នាក់ ត្រូវខ្វះខាតស្បៀងអាហារឡើយ។

យោងតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ គ្រោះទឹកជំនន់ក្នុងខេត្ត បានបង្កផលប៉ះពាល់ដូចខាងក្រោម៖
*ដំណាំស្រូវរដូវវស្សា៖ រងផលប៉ះពាល់ ចំនួន៤,៦៧០ហិកតា (ស្មើនឹង ២.៩៩%) ក្នុងចំណោមផ្ទៃដីដាំដុះ សរុប១៥៦,១២២ហិកតា ដោយប៉ះពាល់ដល់ប្រជាកសិករ ៣,១០៤គ្រួសារ ស្ថិតក្នុង១៣៦ភូមិ។
*ដំណាំឧស្សាហកម្ម៖ រងផលប៉ះពាល់ ចំនួន៩០ហិកតា (ស្មើនឹង ០.១៩%) ក្នុងចំណោមផ្ទៃដីដាំដុះ សរុប៤៧,៧១០ហិកតា (រួមមានដំឡូងមី ៧០ហិកតា និងពោតក្រហម ២០ហិកតា ក្នុងស្រុកភ្នំក្រវាញ) ដោយប៉ះពាល់ដល់កសិករ ៦៤គ្រួសារ ក្នុង៣ភូមិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *