(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ផ្លូវជាតិលេខ១០ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលបានប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍។ ផ្លូវជាតិលេខ១០ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់។ ជាមួយគ្នានេះ ផ្លូវនេះក៏រួមចំណែកពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃប្រទេស។

