ពោធិ៍សាត់៖ គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី ៨០ មេហ្កាវ៉ាត់ (80 MW) កំពុងក្លាយជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់មួយ ក្នុងការធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក និងជំរុញការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។
គម្រោងនេះស្ថិតនៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយទទួលបានការវិនិយោគសរុបប្រមាណជាង ២៣១ លានដុល្លារអាមេរិក ពីក្រុមហ៊ុន SPHP (Cambodia) Co., Ltd.។ តាមរយៈការវិនិយោគដ៏ធំធេងនេះ គម្រោងនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យឧស្សាហកម្ម។
បន្ថែមពីលើការផលិតថាមពលអគ្គិសនី គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ក៏រួមចំណែកក្នុងការគ្រប់គ្រងប្រភពទឹក បង្កើនការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែមានភាពរស់រវើក។ សមិទ្ធផលនេះបានពង្រឹងបន្ថែមនូវតួនាទីរបស់ខេត្តពោធិ៍សាត់ ជាប្រភពថាមពលអគ្គិសនីដ៏សំខាន់មួយសម្រាប់ប្រព័ន្ធបណ្តាញជាតិ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រភពថាមពលប្រកបដោយចីរភាព ដើម្បីកាត់បន្ថយការនាំចូលថាមពលពីបរទេស និងធានាឱ្យបាននូវសន្តិសុខថាមពលប្រកបដោយស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ (រូបភាព TiAmo)

