ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ ដែលបានប្រព្រឹត្តទៅនៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ លោក-លោកស្រី អនុប្រធានមន្ទីរ, ប្រធាន និងអនុប្រធានការិយាល័យទាំង៥, ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រៃវែងជាច្រើនរូបទៀត។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ លោកប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់ បានរួមគ្នាតាំងចិត្តសទ្ធាជ្រះថ្លា វេរប្រកេតនូវទេយ្យទាន បច្ច័យ និងភោជនាហារជូនចំពោះព្រះសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ដើម្បីបូជាចំពោះព្រះរតនត្រ័យ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិសន្តានទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសម្រេចនូវសម្បត្តិមនុស្ស ទេវតា និងព្រះនិព្វាន។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការចូលរួមទ្រទ្រង់ និងថែរក្សាប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្កើននូវសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងមន្ទីរព័ត៌មានខេត្តព្រៃវែង ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕

