រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក«ង»ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ និងអុចកាំជ្រួច នៅថ្ងៃចេញព្រះវស្សា

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច ដើម្បីពិភាក្សា និងរៀបចំផែនការការងារឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងកាន់តែអធិកអធម ក្នុងឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ នៅក្រុងកំពង់ចាម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ បានណែនាំ និងរំលេចនូវចំណុចសំខាន់ៗដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការត្រៀមលក្ខណៈបច្ចេកទេសប្រណាំងទូក រៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល បណ្តែតប្រទីប និងការអុចកាំជ្រួចឱ្យមានភាពទាក់ទាញ ព្រមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងអនាម័យ បរិស្ថាន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់មហាជន។

ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ដោយមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រណាំងសរុបចំនួន ៨៨ ទូក (ស្មើនឹង ៤៤ គូ)។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំពិធី ក៏ដូចជាជួយដល់កីឡាករអុំទូកទាំងអស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចតាមបណ្តាអនុគណៈកម្មការនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *