អភិបាលខេត្តពោធិ៍សាត់ ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ គឺធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ

ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ មិនមែនត្រឹមតែជាការវាស់វែង និងប្រមូលទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «គោលនយោបាយចម្បង និងជាយុទ្ធសាស្ត្រគន្លឹះ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់ ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្លោះដីធ្លីនៅមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងបែបនេះ នៅបរិវេណវត្តទួលត្បែង ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី បិទបញ្ចប់សម្រាប់៥ភូមិ លើ១៣ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ដែលជាគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់ ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ និងការកាត់បន្ថយជម្លោះដីធ្លីនៅមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអញ្ជើញមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពត្រឹមត្រូវ មុនពេលចេញប័ណ្ណកម្មសិទ្ធិផ្លូវច្បាប់។ ឯកឧត្តម បានយកឱកាសនេះ ផ្តល់សារណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបំផុសផ្សព្វផ្សាយសកម្មភាពការងារប្រចាំថ្ងៃ នៅលើបណ្តាញសង្គម Facebook ឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីលទ្ធផលការងារ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ជំរុញកូនចៅ ឱ្យខិតខំសិក្សារៀនសូត្រ និងដាច់ខាតកុំបោះបង់ការសិក្សា ព្រោះចំណេះដឹង គឺជាទុនដ៏មានតម្លៃបំផុត សម្រាប់អនាគតពួកគាត់ និងសង្គមជាតិ។ ត្រូវចូលរួមលុបបំបាត់ការបោះចោលសំរាមពាសវាលពាសកាល ដោយអនុវត្តតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ដើម្បីសុខភាពល្អ។ ហាមឃាត់ការបំពានដីចំណីផ្លូវសាធារណៈ ដើម្បីធានាសណ្តាប់ធ្នាប់ និងភាពងាយស្រួល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាពេលអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *