(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃដ៏ក្តុកក្តួរ និងពោរពេញដោយក្តីរំភើបរីករាយបំផុត សម្រាប់ លោកស្រី ប៊ុន ចាន់ធាវី អាយុ៤៤ឆ្នាំ ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យពោធិ៍សាត់ ព្រោះថាជីវិតរបស់គ្រួសារលោកស្រីទទួលបានការយកចិត្តទុកដាក់ និងជំនួយដ៏មានតម្លៃជាប្រវត្តិសាស្ត្រពីប្រមុខដឹកនាំ។
លោកស្រីជាស្រីមេម៉ាយមានកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រី ១នាក់) កំពុងសិក្សាពេញបន្ទុក និងមានបន្ទុកបំណុលវ័ណ្ឌកបន្សល់ទុកពីអតីតស្វាមី។ ដោយសារតែជីវភាពខ្វះខាត លោកស្រីបានស្នាក់នៅបណ្តោះអាសន្ន ក្នុងសាលារៀនអស់រយៈពេលជិត១៣ឆ្នាំមកហើយ។
លោកស្រីទទួលបានអំណោយផ្ទះទេវតា ១ខ្នង (ផ្ទះទី២៩) ព្រមទាំងដីឡូតិ៍ជាប់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នៅតំបន់អភិវឌ្ឍន៍ភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ដែលជាទីតាំងរៀបចំដោះស្រាយជូនប្រជាពលរដ្ឋរស់នៅមិនរៀបរយ ចេញពីច្រាំងស្ទឹងពោធិ៍សាត់)។
ផ្ទះទេវតានេះ គឺភ្ជាប់មកជាមួយនូវហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់ រួមមាន៖ ផ្សារ ផ្លូវ ប្រព័ន្ធទឹក ភ្លើង និងប្លង់កម្មសិទ្ធិស្របច្បាប់យ៉ាងពេញលេញ។
ទាំងទឹកមុខរំភើប ក្រោយទទួលបានផ្ទះ និងដីឡូតិ៍ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ, លោកស្រី ប៊ុន ចាន់ធាវី បានបង្ហាញអារម្មណ៍ថា «គ្មានពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងសប្បុរសធម៌ដ៏ធំធេងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នោះឡើយ។ អំណោយជាផ្ទះទេវតា និងដីឡូតិ៍ព្រមទាំងប្លង់កម្មសិទ្ធិនេះ គឺជាម្លប់ដ៏កក់ក្តៅបំផុត ដែលបានសង្គ្រោះគ្រួសារខ្ញុំពីភាពទាល់ច្រក បន្ទាប់ពីស្នាក់នៅអាស្រ័យក្នុងសាលារៀនអស់រយៈពេល ១៣ឆ្នាំមកនេះ»។
លោកស្រី សូមគោរពជូនពរ សម្តេចទាំងពីរ សូមមានសុខភាពបរិបូរណ៍ ព្រមទាំងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំប្រទេសជាតិ។ ជាមួយគ្នានោះ លោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ចុះផ្ទាល់ និងសម្របសម្រួលរៀបចំគ្រប់យ៉ាងជូនគ្រួសារលោកស្រី។
លោកស្រី ប៊ុន ចាន់ធាវី ក៏សូមប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារជាគ្រូបង្រៀនឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអប់រំទូន្មានទំពាំងស្នងឫស្សីដល់កូនចៅប្រជាពលរដ្ឋយើង និងសូមប្តេជ្ញារក្សាការពារផ្ទះ និងដីនេះឱ្យបានគង់វង្សសម្រាប់អនាគតកូនៗទាំងបីនាក់៕

