ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០» យ៉ាងមហោឡារិក នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វង្ស សេនវិសុត្ស អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
អង្គពិធីទាំងមូលមានសមាសភាពចូលរួមសរុបប្រមាណ ២២៣ រូប រួមមាន គណៈប្រតិភូអមដំណើរ, លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុកទាំង១៣, នាយកទីចាត់ការ, ប្រធានអង្គភាពសាលាខេត្ត, អង្គភាពច្រកចេញចូលតែមួយក្រុង-ស្រុក, ថ្នាក់ដឹកនាំ និងតំណាងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ, វិទ្យាស្ថានក្រុងអង្គរ, សិស្ស-និស្សិត, យុវជន ស.ស.យ.ក., តំណាងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡីបឹងស្នេហ៍ ព្រមទាំងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រៃវែង។
«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០» ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ, លើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន, និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រៃវែងឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕

