ខេត្តព្រៃវែង: នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង រួមជាមួយលោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ១ ដើម្បីឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម និងបុព្វការីជន ញ្ញាតិការទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅលោកខាងមុខ ព្រមទាំងវីរកងទ័ព វីរនគរបាលជាតិដែលបានពលីដើម្បីការពារបូរណភាពទឹកដី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី រួមជាមួយវត្តមាន ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដែលពិធីនេះប្រារព្ធធ្វើនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងពិធីកាន់បិណ្ឌនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់: ព្រះសង្ឃ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោកតាជី យាយជី និងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតឆ្ងាយជាច្រើនរូបផងដែរ៕

