(ពោធិ៍សាត់)៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ និងឆ្លើយតបយ៉ាងផុសផុលទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់បទបញ្ជាឱ្យបន្តយកចិត្តទុកដាក់តាមដានអាកាសធាតុ កំណត់ទីតាំងសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពនោះ, នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផលប៉ះពាល់ជំនន់ទឹកភ្លៀងដែលប្រឈមខ្លាំង នៅចំណុចខ្សាច់ហាប ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍បឋម របស់រដ្ឋបាលស្រុកក្រគរ បានឱ្យដឹងថា ស្ថានភាពភ្លៀងបានធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នឹងបានបង្កឱ្យមានជំនន់ទឹកភ្លៀងហូរចូលលិចលង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋ ០៦ឃុំ លើ២១ភូមិ សរុប៤៩១ខ្នងផ្ទះ រួមមាន៖ ឃុំអន្លង់ត្នោត ឃុំក្បាលត្រាច ឃុំបឹងកន្ទួត ឃុំអូរសណ្តាន់ ឃុំស្វាយស និងឃុំឈើតុំ ក្នុងនោះភូមិទានព្រៃ ឃុំឈើតុំ បង្កឱ្យជួបការលំបាកខ្លាំង ក្នុងការឆ្លងកាត់ធ្វើដំណើរ។
ទន្ទឹមនឹងស្ថានភាពខាងលើនេះ បច្ចុប្បន្នស្ថានភាពទឹកបានបែកវាល និងស្រកចុះជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញ ខណៈដែលអាជ្ញាធរ និងក្រុមការងារជំនាញកំពុងបន្តស្រោចស្រង់ និងជួយដោះស្រាយការខូចខាតជាប្រញាប់។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងនោះ ឯកឧត្តមអភិបាលខេត្ត បានសំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងបានដាក់ចេញនូវវិធានការសង្គ្រោះបន្ទាន់ ដោយជំរុញឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពអាយុជីវិត ត្រៀមមធ្យោបាយគ្រប់បែបយ៉ាងដើម្បីអន្តរាគមន៍ជួយសង្គ្រោះ និងសម្រួលជួសជុលខ្សែផ្លូវ ឱ្យប្រជាពលរដ្ឋបានប្រើទាន់ពេលវេលា។
ជាមួយគ្នានោះ ក្នុងនាមជាប្រធានគណៈកម្មការ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ក៏បានត្រៀមចាត់ចែងក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចុះមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងប្រឈមខ្លាំងជាងគេ ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ក្នុងពេលឆាប់ៗខាងមុខផងដែរ៕

