រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ដើម្បីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ដើម្បីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) ក្នុងឱកាសរំលឹកខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញនៅបរិវេណមុខសាលាខេត្តព្រៃវែង។

​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

​អង្គពិធីទាំងមូលក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងទាំងបី, ប្រធានពន្ធនាគារ, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុកទាំង១៣, នាយក-នាយិកាសាលាក្នុងក្រុងព្រៃវែង, យុវជន ស.ស.យ.ក., យុវជនកាកបាទក្រហម, យុវជនកាយឫទ្ធិ, គរុសិស្ស, តំណាងសហគ្រាស គ្រឹះស្ថាន និងមន្ត្រីរាជការចំណុះសាលាខេត្តយ៉ាងច្រើនកុះករ។

​រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំណត់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការរៀបចំ និងដំណើរការរបស់រដ្ឋ ព្រមទាំងការធានាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។

ការចូលរួមគោរពរដ្ឋធម្មនុញ្ញនាឱកាសនេះ មិនត្រឹមតែជាពិធីរំលឹកតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីគោរពច្បាប់ និងការទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សាគោលការណ៍នៃនីតិរដ្ឋឱ្យបានរឹងមាំ និងស្ថិតស្ថេរចីរកាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *