សៀមរាប: ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារ និងវាយតម្លៃលើសូចនាករទាំង ២២ចំណុច លើកកម្ពស់ប្រសិទ្ធភាពនៃការគាំពារ និងសុខុមាលភាពកុមារក្នុងខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ និងបំពេញភារកិច្ចឱ្យបានសកម្មថែមទៀត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពជួញដូរមនុស្ស ការកៀបសង្កត់កម្លាំងពលកម្ម ក៏ដូចជាអំពើហិង្សាគ្រប់ទម្រង់ដែលកើតមានឡើងនៅក្នុងសហគមន៍។
លោកស្រី ម៉ននី រង្សី បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវទទួលរបាយការណ៍ធ្វើយ៉ាងណាឱ្យបានមុនការប្រជុំពីរថ្ងៃ ឬក៏បីថ្ងៃមុន ចំពោះសមាសភាគណាដែលយឺតយ៉ាវ នឹងត្រូវរុញទៅបូកសរុបនៅខែបន្ទាប់ ដោយមិនរង់ចាំឡើយ។ របាយការណ៍ទាំងអស់ត្រូវផ្ញើចូលក្នុង Group មុនថ្ងៃប្រជុំយ៉ាងតិច ៣ថ្ងៃ ដើម្បីឱ្យភាគីពាក់ព័ន្ធពិនិត្យ និងផ្ទៀងផ្ទាត់តួលេខឱ្យហើយស្រេច។ ទិន្នន័យដែលប្រមូលបានពីតាមក្រុង-ស្រុក ត្រូវយកទៅផ្ទៀងផ្ទាត់ជាមួយមន្ត្រីអត្រានុកូលដ្ឋាន និងខាងសុខាភិបាលឡើងវិញ ដើម្បីជៀសវាងការខុសប្លែក លើតួលេខច្រើនពេក។
លោកស្រីមានប្រសាសន៍ថា ផ្អែកលើទិន្នន័យ ករណីជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលផ្ទុះឡើងនៅតាមខ្នងផ្ទះមួយចំនួន រហូតមានករណីធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់។បន្ថែមពីនេះត្រូវរៀបចំយុទ្ធនាការអប់រំ និងបំផុសចលនាសហគមន៍ឱ្យធ្វើអនាម័យជុំវិញលំនៅឋាន គ្របពាងទឹកឱ្យបានត្រឹមត្រូវ និងកាប់ឆ្ការព្រៃជុំវិញភូមិ ដើម្បីលុបបំបាត់ជម្រកមូសខ្លា។ក្នុងការខកខានចាក់វ៉ាក់សាំងនេះ ធ្វើឱ្យកុមារប្រឈមនឹងហានិភ័យសុខភាព ការពន្យារពេលនៃការលូតលាស់ និងពិការភាព ដែលបង្កជាបន្ទុកធ្ងន់ធ្ងរដល់គ្រួសារ និងសង្គម៕

