នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទថ្នាក់តំបន់ស្តីពីកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀង (Territorial Conference on Agroecology and Food Systems) នៅក្រុង Dijon សាធារណរដ្ឋបារាំង ក្នុងក្របខ័ណ្ឌនៃគម្រោង TETARD (Territorial Approach to develop agroecology, resilience and sustainable food systems) ក្នុងគោលបំណងចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀង ព្រមទាំងសិក្សាពីបទពិសោធន៍ និងការអនុវត្តល្អៗរបស់ភាគីពាក់ព័ន្ធនៅប្រទេសបារាំង ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការ ចាប់ពីឆ្នាំ២០១៣ ដល់ខែកក្កដា ឆ្នាំ២០២៨ ខេត្តអូដឺសែន (Hauts-de-Seine) បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តសៀមរាប តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍសង្គម ក្នុងក្របខ័ណ្ឌនៃសកម្មភាពកសិកម្មមួយប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប ដោយចូលរួមវិភាគទានជាអាទិភាពដល់សកម្មភាពនានា ដែលមានគោលដៅជួយកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ លើកកម្ពស់កសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព តាមរយៈការចូលរួមលើកកម្ពស់វិស័យកសិកម្មខេត្ត និងកម្រិតជីវភាពប្រជាពលរដ្ឋ ព្រមទាំងការផ្តល់នូវចំណេះដឹងបច្ចេកទេសកសិកម្ម និងផលិតផលកសិកម្ម។
ការចូលរួមក្នុងសន្និសីទ និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសបារាំងនេះ គឺជាឱកាសសំខាន់សម្រាប់រដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ក្នុងការសិក្សា ចែករំលែក និងពង្រឹងចំណេះដឹងពាក់ព័ន្ធនឹង កសិអេកូឡូស៊ី និងប្រព័ន្ធស្បៀង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូបារាំង សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងភាពធន់នៅខេត្តសៀមរាប។
ក្នុងកិច្ចសហប្រតិបត្តិការនេះ អង្គការ GRET និងអង្គការ AGRISUD ជាប្រតិបត្តិករ ខណៈរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តអូដឺសែន ជាម្ចាស់គម្រោង។ កិច្ចសហប្រតិបត្តិការនេះត្រូវបានអនុវត្តជាផ្លូវការចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ក្រោមស្មារតីនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិមជ្ឈការរវាងខេត្តសៀមរាប និងខេត្តអូដឺសែន លើកទី១ (ឆ្នាំ២០១៣–២០១៧) លើកទី២ (ឆ្នាំ២០១៧–២០២១) លើកទី៣ (ឆ្នាំ២០២១–កក្កដា ២០២៥) និងលើកទី៤ (ឆ្នាំ២០២៥–កក្កដា ២០២៨)។
ទីតាំងអនុវត្តគម្រោងដោយអង្គការ AGRISUD មានចំនួន ៥ក្រុង-ស្រុក រួមមាន៖ ក្រុងសៀមរាប ចំនួន ៥០៣គ្រួសារ ក្នុងសង្កាត់ក្របីរៀល ៩ភូមិ និងសង្កាត់ជ្រាវ ៥ភូមិ; ស្រុកបន្ទាយស្រី ចំនួន ៥៦៤គ្រួសារ ក្នុងឃុំត្បែង ១០ភូមិ ឃុំឃុនរាម ៧ភូមិ និងឃុំខ្នារសណ្តាយ ៥ភូមិ; ស្រុកប្រាសាទបាគង ចំនួន ៥១៤គ្រួសារ ក្នុងឃុំកណ្តែក ៧ភូមិ; ស្រុកពួក ចំនួន ១៦១គ្រួសារ ក្នុងឃុំពួក ៤ភូមិ និងស្រុកស្វាយលើ ចំនួន ២២៨គ្រួសារ ក្នុងឃុំខ្នងភ្នំ ៥ភូមិ។
ដោយឡែក អង្គការ GRET មានក្រុង-ស្រុកគោលដៅចំនួន ៥ រួមមាន ក្រុងរុនតាឯកតេជោសែន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកស្វាយលើ និងស្រុកជីក្រែង ដែលមានឃុំ-សង្កាត់សរុបចំនួន ១៦ និងស្មើនឹង ១៤០ភូមិ។ គិតត្រឹមឆ្នាំ២០២៦ គម្រោងមានអ្នកទទួលផលផ្ទាល់ចំនួន ២ ៧២២គ្រួសារ និងកសិករទទួលផលប្រយោលចំនួន ៣ ៣៣១គ្រួសារ។

