អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០

ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងអនុគណៈកម្មការជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងការតុបតែងលម្អតាមដងផ្លូវឱ្យបានល្អប្រសើរ ដើម្បីធានាឱ្យពិធីសម្ពោធជាប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យជ័យខ្ពស់។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលមួយ តភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *