ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៥,២៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) ៦,១០០រៀលក្នុង១លីត្រ។
តាមក្រសួងពាណិជ្ជកម្ម ការកំណត់តម្លៃនេះ ផ្អែកលើរូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅទីផ្សារតំបន់ និងអន្តរជាតិ។
ក្នុងការកំណត់តម្លៃថ្មីនេះ រាជរដ្ឋាភិបាលបានបន្តវិធានការកាត់បន្ថយបន្ទុកតម្លៃប្រេង ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ រួមមានការបន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ និងបញ្ចុះបន្ថែម ១សេនដុល្លារ/លីត្រ ដោយសារតម្លៃប្រេងសាំងអន្តរជាតិឡើងលើស៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតឡើងលើស១០០ដុល្លារ/បារ៉ែល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានកំណត់ពន្ធគយ ០ដុល្លារ និងបន្តបញ្ចុះអាករពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដោយអាករពិសេសលើប្រេងសាំងត្រូវបញ្ចុះពី ៣០% មក១៥% និងប្រេងម៉ាស៊ូតពី ៤% មក០%។ ចំណែកអាករលើតម្លៃបន្ថែម លើប្រេងសាំងត្រូវបញ្ចុះពី ១០% មក៤% និងប្រេងម៉ាស៊ូតពី ១០% មក០%។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា មុនការបញ្ចុះអាករខាងលើ តម្លៃប្រេងសាំងមាន ៥,៧០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៦,៧០០រៀល/លីត្រ។ បន្ទាប់ពីការគណនា និងវិធានការបញ្ចុះអាករ តម្លៃលក់រាយដែលត្រូវអនុវត្តចាប់ពីរសៀលថ្ងៃទី២១ ខែកញ្ញា គឺ ៥,២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៦,១០០រៀល/លីត្រ សម្រាប់ម៉ាស៊ូត។
ក្រសួងពាណិជ្ជកម្មក៏បញ្ជាក់ថា ស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ក្នុងតម្លៃទាបជាងតម្លៃដែលបានគណនាខាងលើ ទៅតាមការប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ។

