ឈានយុគសម័យថ្មី! ​នៃការតភ្ជាប់ទំនាក់ទំនង! ពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទ នៅតំបន់ដាច់ស្រយាលអន្លង់ក្រពើ ឃុំថ្មដា ក្រោមមូលនិធិ USO

(ពោធិ៍សាត់)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអន្លង់ក្រពើ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តថ្មី ជាមូលនិធិកាតព្វកិច្ចសេវាសកល (USO) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងក្រុមវិស្វករមួយចំនួនទៀត។

លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ បានឡើងអានរបាយការណ៍សង្ខេប ដោយបញ្ជាក់ថា តំបន់អន្លង់ក្រពើ នៃភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ដើមឡើយជួបប្រទះការលំបាកខ្លាំងលើប្រព័ន្ធទំនាក់ទំនង ដោយសារស្ថិតនៅតំបន់ដាច់ស្រយាល និងគ្មានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍គ្រប់គ្រាន់។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារជំនាញបានចុះសិក្សាស្រាវជ្រាវផ្ទាល់ចំនួន ៣លើក (ថ្ងៃទី២ វិច្ឆិកា ២០២៣, ថ្ងៃទី១២ មករា ២០២៤ និងថ្ងៃទី២៧ កុម្ភៈ ២០២៤) មុននឹងទទួលបាន «ចំណារឯកភាពដ៏ខ្ពង់ខ្ពស់» ពីលោករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

លោកប្រធានមន្ទីរបានបន្ថែមថា មុននឹងឈានដល់ការបើកការដ្ឋាននេះ ក្រុមការងារបានចុះរៀបចំកិច្ចសន្យាប្រគល់ និងទទួលទីតាំងដី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ដើម្បីធានាសុវត្ថិភាពដាច់ខាត មន្ទីរបានសហការជាមួយ កងឯកភាពកម្ចាត់មីនទី២ ខេត្តបាត់ដំបង និងCMAC (ក្រុម TSC លេខ៤១) ចុះបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបានរកឃើញ ព្រមទាំងបំផ្លាញចោលនូវគ្រាប់កាំភ្លើងផ្លោង ចំនួន ៤គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាមដោយសុវត្ថិភាព កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

លោក ប៊ី បូរ៉ាមី អនុប្រធាននាយកដ្ឋានទូរគមនាគមន៍ និងជាតំណាងគណៈកម្មាធិការមូលនិធិកាតព្វកិច្ចសេវាសកល (USO) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឡើងមានមតិគាំទ្រ និងបញ្ជាក់ពីសារៈសំខាន់ នៃការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ USO ក្នុងការជួយអភិវឌ្ឍតំបន់ដាច់ស្រយាល ដែលក្រុមហ៊ុនឯកជនពិបាកក្នុងការបោះទុនវិនិយោគ ដោយសារមិនមានផលចំណេញផ្នែកហិរញ្ញវត្ថុ។

មានមតិសំណេះសំណាល និងប្រកាសបើកការដ្ឋាន លោក អ៊ុយ សុធាវី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ស្ថានីយអង់តែន តម្លៃជាង១០ម៉ឺនដុល្លារអាមេរិកនេះ មិនមែនជាស្ថានីយពាណិជ្ជកម្មធម្មតារបស់ក្រុមហ៊ុនឯកជនឡើយ តែជាផ្លែផ្កានៃនយោបាយដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសេនាធិការ។

លោកអភិបាលរងខេត្ត បានលើកឡើងពីផលប្រយោជន៍សំខាន់ៗចំនួន៤ ពីស្ថានីយនេះ រួមមាន៖
ទី១-បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៖ ផ្តល់សេវាទំនាក់ទំនងរលូន សម្រួលជីវភាព និងការទាក់ទងគ្រាមានអាសន្ន។
ទី២-គាំទ្រវិស័យទេសចរណ៍៖ ជំរុញសក្តានុពលអេកូទេសចរណ៍នៅឃុំថ្មដា និងស្រុកវាលវែង។
ទី៣-គាំទ្រការដ្ឋានទំនប់វារីអគ្គិសនីស្ទឹងមេទឹក៖ ជួយដល់ការភ្ជាប់សេវាទំនាក់ទំនង និងការគ្រប់គ្រងបច្ចេកទេសការដ្ឋាន។

លោក អ៊ុយ សុធាវី បានដាក់ចេញនូវអនុសាសន៍ណែនាំដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថាន និងក្រុមហ៊ុនសាងសង់ ឱ្យខិតខំសាងសង់ធានាគុណភាព និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មុននឹងប្រកាសផ្លូវការ «បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទ នៅចំណុចអន្លង់ក្រពើ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ចាប់ពីពេលនេះតទៅ» ព្រមទាំងបានអញ្ជើញធ្វើពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *