អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះផ្ទាល់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការចាក់ដីបំពេញទីធ្លា និងការស្ថាបនារបងព័ទ្ធជុំវិញ សម្រាប់គម្រោងផ្លាស់ប្តូរទីតាំងថ្មី នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត៦ហិកតា ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន។

គម្រោងដោះដូរ និងរៀបចំទីតាំងសាលារៀនដ៏មានសារៈសំខាន់នេះ គឺជាសមិទ្ធផលរួមគ្នាមួយ ដែលកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងស្មារតីសាមគ្គីភាពរវាងរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការផ្តួចផ្តើមដ៏ថ្លៃថ្លាពីសំណាក់ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន រួមជាមួយសប្បុរសជន និងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ទីតាំងសាលាចាស់នឹងត្រូវរក្សាទុកដើម្បីបម្រើឧត្តមប្រយោជន៍ក្នុងទីអារាមវត្តបាកានវិញ ចំណែកឯទីតាំងថ្មីវិញ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ សម្រាប់ស្រុកបាកាន។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងរបស់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាអភិវឌ្ឍមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យអប់រំ សុខុមាលភាពប្រជាពលរដ្ឋ និងការលើកកម្ពស់ជីវភាពរស់នៅ ដើម្បីជំរុញការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

ឯកឧត្តមបានបង្ហាញការគាំទ្រ ចំពោះទីតាំងថ្មីដ៏មានសក្តានុពលនេះ គឺត្រូវបានរៀបចំឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលបំណងផ្តល់ជូននូវបរិស្ថានសិក្សាដ៏ទំនើបទៅថ្ងៃអនាគត មានសុវត្ថិភាព មានវិសាលភាពធំទូលាយ និងមានបរិស្ថានបៃតងស្រស់ស្អាត សម្រាប់ទ្រទ្រង់ដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋមូលដ្ឋាន ក្នុងរយៈពេលពី២០ ទៅ៣០ឆ្នាំខាងមុខ។

ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មនៅមូលដ្ឋាននោះដែរ ឯកឧត្តម ខូយ រីដា ក៏បានអញ្ជើញចុះពិនិត្យកិច្ចការងារដាំដុះបន្លែសុវត្ថិភាពតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្តដល់ការបង្កើនផលិតភាពកសិកម្មខ្នាតតូច ធានាបាននូវសុខភាព និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងណែនាំដល់អាជ្ញាធរ ក៏ដូចជាផ្នែកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការងាររៀបចំសោភ័ណភាព នៅសាលាបឋមសិក្សាព្រះចំបក់ និងតាមដងផ្លូវ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *