ខេត្តសៀមរាប ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង និងប្រជាជនទូទាំងខេត្តសៀមរាប សូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម មីន អាងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកជាន់ខ្ពស់គណៈប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចមកកាន់ខេត្តសៀមរាប ដែលជាទឹកដីវប្បធម៌ និងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជារយៈពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ មាន ពេលកំណត់ក៏ដោយ ក៏ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានលើកទឹកចិត្ត និងផ្តល់នូវមោទនភាពយ៉ាងក្រៃលែង សម្រាប់ខ្ញុំផ្ទាល់ជាថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ សង្ឃឹមថា ឯកឧត្តម ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ដ៏ល្អជាមួយនឹងទស្សនីយភាពនៃតំបន់ប្រាសាទបេតិកភណ្ឌពិភពលោក និងបរិយាកាស រស់នៅនៃខេត្តសៀមរាប-អង្គរទេសចរណ៍ដ៏ប្រណិតមួយនេះ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងប្រជាជនកម្ពុជាខេត្តសៀមរាប ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។

