ព្រៃវែង៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក ឬ(តំបន់៥៧៨) ស្ថិតនៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
គណៈកម្មការនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្រាវជ្រាវ ចងក្រងឯកសារប្រវត្តិសាស្ត្រ និងសាងសង់ស្តូបអនុស្សាវរីយដើម្បីរំលឹកដល់ចលនាតស៊ូរបស់ប្រជាជនដែលបានរត់ចូលតំបន់ព្រៃតាទក (តំបន់៥៧៨) ហើយកសាងកម្លាំងតស៊ូ ក្នុងអំឡុងចុងខែឧសភា ឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ា ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពពិនិត្យទីតាំងសម្រាប់ការសាងសង់ រួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាឥស្សរជនមួយរូបបានចូលរួមចលនាតស៊ូប្រឆាំងរបប ប្រល័យពូជសាសន៍ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត និងមានការចូលរួមពីអតីតយុទ្ធជនតស៊ូជាច្រេីនរូបផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម វង សូត បានបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងទទួលបានការឯកភាពពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងចងក្រង និងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រ ព្រមទាំងរំលឹកដល់ការតស៊ូ ការលះបង់ និងវីរភាពរបស់ប្រជាជន និងថ្នាក់ដឹកនាំ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ និងការស្វែងរកសន្តិភាពជូនប្រទេសជាតិ។
គណៈកម្មការ សាងសង់ ដែលដឹកនាំដោយ ឯកឧត្តម វង សូត មានអនុគណៈកម្មការជំនាញចំនួន ៤ ទទួលបន្ទុក ការងារស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ ការសាងសង់ស្តូប ការងារបរិស្ថាន និងវប្បធម៌។
អនុគណៈកម្មការនីមួយៗ ទទួលបន្ទុកការងារជំនាញរៀងៗខ្លួន និងសហការគ្នា ដើម្បីធានាឱ្យការស្រាវជ្រាវ ចងក្រងឯកសារ ការរៀបចំសាងសង់ស្តូប ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ព្រមទាំងស្នាដៃវប្បធម៌ គំនូរ និងចម្លាក់ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងឆ្លុះបញ្ចាំងនូវតម្លៃប្រវត្តិសាស្ត្រ។ ស្តូបអនុស្សាវរីយគ្រោងនឹងសាងសង់នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ស្តូបអនុស្សាវរីយនេះ នឹងក្លាយជាតឹកតាងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ សម្រាប់កូនចៅ និងអ្នកជំនាន់ក្រោយបានសិក្សា ស្វែងយល់ និងចងចាំពីការតស៊ូ ការលះបង់ និងដំណើរឆ្ពោះទៅរកសន្តិភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការអប់រំស្មារតីស្រឡាញ់សន្តិភាព និងការថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។

