ថ្នាក់ដឹកនាំខេត្តព្រៃវែង អមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេច សាយ ឈុំ ចុះពិនិត្យទីតាំងត្រៀមសាងសង់ស្តូបអនុស្សវរីយ៍ចលនាតស៊ូប្រឆាំង របបពូជសាសន៍ ប៉ុល ពត ក្នុងស្រុកកំចាយមារ

ខេត្តព្រៃវែង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម​សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ក្នុងបេសកកម្មអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមសាងសង់ស្តូបអនុស្សវរីយ៍ចលនាតស៊ូប្រឆាំង និងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក (តំបន់៥៧៨) ដែលស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។

​ការអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ឱ្យក្លាយជាស្តូបអនុស្សវរីយ៍ផ្លូវការ ដើម្បើរំលឹក និងសម្តែងនូវកតញ្ញូតាធម៌ចំពោះវីរគំរូ និងគុណបំណាច់យ៉ាងធំធេងរបស់ថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារី ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការប្រយុទ្ធតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

​បន្ថែមពីនេះ ស្តូបអនុស្សវរីយ៍ដែលត្រៀមនឹងសាងសង់ឡើងនេះ ក៏នឹងក្លាយជាកន្លែងតម្កល់ប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីសមរភូមិតស៊ូនៅតំបន់ភូមិភាគបូព៌ា (តំបន់៥៧៨) ព្រមទាំងរួមចំណែកបំផុសស្មារតីស្នេហាជាតិ និងថែរក្សាសន្តិភាពឱ្យបានគង់វង្សតទៅមុខទៀត។

​ក្នុងឱកាសនោះដែរ គណៈប្រតិភូ និងអាជ្ញាធរខេត្តព្រៃវែង បានពិភាក្សា និងវាយតម្លៃលើទិដ្ឋភាពបច្ចេកទេស និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងនោះ ដើម្បីឱ្យដំណើរការរៀបចំ និងសាងសង់ប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណភាពស័ក្តិសមជាទីតាំងប្រវត្តិសាស្ត្រជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *