ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកំពុងប្រកបរបរប្រមូលផលដំណាំ និងបន្លែធម្មជាតិ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ គឺអាស្រ័យលើការដើរកាច់ និងបេះផលដំណាំធម្មជាតិផ្សេងៗដូចជា ទំពាំងព្រិច ផ្លែក្រសាំង ប្រោះស្វា ក្រសាំងទាប ស្លឹកខ្នឹង ស្លឹកល្ងៀង និងស្លឹកសាវម៉ាវព្រៃជាដើម ដោយជាទម្លាប់ក្នុងមួយល្ងាច ពួកគាត់អាចរកចំណូលបានចន្លោះពី ១០,០០០ ទៅ ២០,000 រៀលប៉ុណ្ណោះ។
យ៉ាងណាមិញ នារសៀលថ្ងៃដដែលនេះ វត្តមានរបស់ ឯកឧត្តម ខូយ រីដា បាននាំមកនូវស្នាមញញឹម និងក្តីរំភើបយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ តាមរយៈការសួរសុខទុក្ខ និងបានជួយទិញបន្លែធម្មជាតិពីដៃបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។ ការយកចិត្តទុកដាក់នេះ បានធ្វើឱ្យប្រាក់ចំណូលរបស់ពួកគាត់ក្នុងមួយល្ងាចនេះ កើនឡើងរហូតដល់ ៤០,០០០ ទៅ ៦០,000 រៀល ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ជីវភាពគ្រួសារ និងបង្កើតនូវបរិយាកាសដ៏កក់ក្តៅ រវាងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕

