ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ភ្នំពេញ៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។

អង្គសន្និបាតដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបនូវរាល់សមិទ្ធផលការងារសំខាន់ៗដែលក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចបានក្នុងរយៈពេលនៃអាណត្តិទី៥ កន្លងមក។

ជាមួយគ្នានេះ សន្និបាតក៏ជាវេទិកាយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យមើលបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពរដ្ឋបាលមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *