ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ដ្រី, រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, តំណាងក្រសួង-ស្ថាប័ន, អភិបាលរាជធានី-ខេត្ត, តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-សង្កាត់ ព្រមទាំងអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងនាឱកាសបើកសន្និបាតនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងពីសមិទ្ធផលដ៏ត្រចះត្រចង់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយ ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកដំបូង នៅឆ្នាំ២០០២ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានបន្តចាក់ឫសកាន់តែរឹងមាំក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បន្ដថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងភាពជាតំណាង ការចូលរួម តម្លាភាព គណនេយ្យភាព និងភាពជាម្ចាស់នៅមូលដ្ឋាន ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ក្នុងអាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានបំពេញតួនាទីកាន់តែទូលំទូលាយ ទាំងការងាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសង្គម ការគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រី និងកុមារ អនាម័យ បរិស្ថាន ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មឌីជីថល។ ជាក់ស្តែង រដ្ឋបាលឃុំ-សង្កាត់បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩.៨២៤គម្រោង រួមមាន៖ ការសាងសង់ និងកែលម្អផ្លូវបេតុងជាង ៤.៥២០គីឡូម៉ែត្រ ផ្លូវគ្រួសក្រហមជាង ១១.៤៣៤គីឡូម៉ែត្រ ព្រមទាំងផ្លូវកៅស៊ូ ស្ពានបេតុងខ្នាតតូច ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ។
សូមជម្រាបជូនថា ការរៀបចំ «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាពេលនេះ គឺជាសន្និបាតលើកទី៣ (បន្ទាប់ពីការរៀបចំនៅអាណត្តិទី១ និងទី២) ដែលមានតម្លៃ ជាប្រវត្តិសាស្ត្រក្នុងការ៖
១.ឆ្លុះបញ្ចាំង និងវាយតម្លៃលើដំណើរការអនុវត្តតួនាទី ភារកិច្ច និងសមិទ្ធផល ការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេលជាង៤ឆ្នាំកន្លងមក (២០២២-២០២៥) ក៏ដូចជាពិនិត្យ មើលលើវឌ្ឍនភាពរយៈពេលជាងពីរទសវត្សរ៍នៃកំណែទម្រង់រដ្ឋបាលមូលដ្ឋាន។
២.កំណត់ឱ្យបាន ច្បាស់លាស់នូវផលជះនៃការអនុវត្តគោលនយោបាយ ស្ថានភាពនិងសមត្ថភាពធនធានមនុស្ស ព្រមទាំងបញ្ហាប្រឈមនិងហានិភ័យគន្លឹះនានា។
៣.ដកស្រង់ឧត្តមានុវត្តន៍ និងមេរៀនបទពិសោធ ដើម្បីបម្លែងជាធាតុចូលយុទ្ធសាស្ត្រ ក្នុងការកំណត់ទិសដៅ វិធានការ និងអនុសាសន៍គន្លឹះៗ សំដៅគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឱ្យបំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕

