រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង ដែលជិះម៉ូតូប្រសេចប្រសាចពេញផ្លូវ និងបង្កអំពើហិង្សានៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន០២ករណីផ្សេងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន០៧នាក់។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ករណីទី១: ហិង្សាដោយចេតនា (យកជើងធាក់ចង្កូតម៉ូតូ) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:៤០នាទី នៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ឃាត់ខ្លួនចំនួន០៣នាក់។ វត្ថុតាងចាប់យក: ម៉ូតូម៉ាក SUZUKI NEX DIGI ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1AE-2780 (មធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព )។ សម្ភារៈដកហូត: ទូរស័ព្ទម៉ាក IPHONE 15 PRO MAX ពណ៌ទឹកប្រាក់, ទូរស័ព្ទម៉ាក IPHONE XS MAX ពណ៌ផ្កាឈូក, ទូរស័ព្ទម៉ាក IPHONE XS MAX ពណ៌ខ្មៅ ។
ករណីទី២: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២’៣០នាទី នៅចំណុចតាមបណ្តោយផ្លូវមហាវិថីចោមចៅ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន០៤នាក់។ វត្ថុតាងចាប់យក: កាំបិតបុ័ងតោចំនួន១ដើម, កាំបិតកែច្នៃ ដងឈើ ចំនួន១ដើម, ដំបងឈើមូលចំនួន១ដើម។
បច្ចុប្បន្នក្រុមក្មេងទំនើង និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

