យុទ្ធនាការ «ដាំកូនឈើហូបផ្លែតាមខ្នងផ្ទះ»៖ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា នាំយកកូនឈើហូបផ្លែរាប់ពាន់ដើម ចែកជូនប្រជាពលរដ្ឋ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ!

(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីស្នាក់ការគណបក្សស្រុកក្រគរ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកកូនឈើហូបផ្លែ ជូនដល់គ្រួសារសមាជិកបក្ស ទាំង៧ភូមិ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទីវ រ៉ាវុឌ្ឍ នាយកអាជីវកម្មចែកចាយ នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងអូរសណ្តាន់, លោកប្រធានគណបក្សស្រុកក្រគរ, លោកស្រីអភិបាលរងស្រុក ព្រមទាំងប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សស្រុក-ឃុំ, សាខាបក្សភូមិ និងបងប្អូន សមាជិក សមាជិកា គ្រួសារបក្សមកពីភូមិទាំង៧ ក្នុងឃុំក្បាលត្រាចយ៉ាងច្រើនកុះករ។

ក្នុងការចុះជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បាននាំយកកូនឈើហូបផ្លែចម្រុះ ចំនួន១,៣៩៦ដើម មកចែកជូនដល់គ្រួសារបក្សទាំង៧ភូមិ ដែលរួមមាន៖ ទៀបបារាំង, ក្រូចឆ្មា និងក្រូចសើច, ដូងតឿក្រអូប, ក្រូចពោធិ៍សាត់, ខ្នុរម៉ាឡេ និងមៀន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានដាក់ចេញនូវយុទ្ធនាការដាំកូនឈើហូបផ្លែតាមខ្នងផ្ទះ ក្រោមប្រធានបទដ៏មានអត្ថន័យ «ដាំដើមឈើ គឺសន្សំទ្រព្យសម្រាប់កូនចៅយើង, ដាំដើមឈើ ដើម្បីសោភ័ណភាព និងបរិស្ថាន»។ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ដាំ និងថែទាំដើមឈើទាំងនោះឱ្យបានរស់លូតលាស់ល្អ ដើម្បីផ្តល់ទាំងផលដំណាំហូបផ្លែ និងលើកសម្រស់បរិស្ថានជុំវិញផ្ទះ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានពន្យល់ និងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានិច្ចកាលតែងតែប្រកាន់ខ្ជាប់ នូវការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ។ លោកបានអំពាវនាវឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ បន្តជឿទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលជួយការពារអាយុជីវិត កម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋ ពីហានិភ័យផ្សេងៗ។

ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរ ចំពោះសមិទ្ធផលប្រព័ន្ធសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ដែលធ្វើឱ្យខេត្តទទួលបានការស្ងើចសរសើរថា «ខេត្តស្អាត គ្មានសំរាម» ក្រោមការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ពីការបន្តរឹតបន្តឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនអ្នកដំណើរ ដោយគណៈបញ្ជាការឯកភាពខេត្តបានចាត់វិធានការតឹងរ៉ឹង ចំពោះព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។

ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តសាមគ្គីភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ និងនាំមកនូវភាពរុងរឿងថ្មីៗបន្ថែមទៀតដល់មូលដ្ឋាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *