ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញឱ្យបន្តយកចិត្តទុកដាក់ពង្រឹងអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ ជាពិសេសបន្តចូលរួមផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ផលប៉ះពាល់ដោយគ្រឿងញៀន និងបញ្ហាក្មេងទំនើង ក្នុងសហគមន៍ និងនៅតាមសាលារៀនជាដើម។
ការជំរុញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួលផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៩៦រូប ពិធីនេះប្រព្រឹត្ត នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោក ស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីនគរបាលមួយចំនួនទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានដំឡើងឋានន្តរសក្តិ និងតែងតាំងមុខតំណែងថ្មី ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការឆ្លើយតបនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អប្រសើរ។
ឯកឧត្តម ស្នងការ ក៏បានវាយតម្លៃខ្ពស់ពីការចូលរួមសហការគ្នាគ្រប់ផ្នែកគ្រប់ជំនាញ របស់កងកម្លាំងនគរបាលរាជធានីភ្នំពេញដើម្បីបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនាំឲ្យបទល្មើសមានការថយចុះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

