ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ ពិព័រណ៍វត្ថុសិល្បៈខ្មែរបាត់បង់ និងការទាមទារត្រឡប់មកកម្ពុជាវិញ ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឈឹម ស៊ីណា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់, នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធពិព័រណ៍ផ្ទាំងរូបថតមិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប រួមមាន លោក វឿន វុទ្ធី អគ្គនាយករងបេតិកភណ្ឌ, លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ, លោក អ៊ុន មុនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍លើកទី៣នេះ (បន្ទាប់ពីភ្នំពេញ និងកំពង់ឆ្នាំង) មានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំទាមទារយកមកវិញនូវវត្ថុសិល្បៈខ្មែរ ដែលត្រូវបានលួច និងជួញដូរដោយខុសច្បាប់ ក្នុងសម័យសង្គ្រាមស៊ីវិល។ ពិព័រណ៍រយៈពេល២០ថ្ងៃនេះ (២៤ សីហា ២០២៦ – ១២ កញ្ញា ២០២៦) បែងចែកជា២ផ្នែកគឺ៖ ផ្នែកទី១ បង្ហាញរូបថតវត្ថុសិល្បៈ ចំនួន៤២ តាមលំដាប់ប្រវត្តិសាស្ត្រពីសម័យមុនអង្គររហូតដល់សម័យអង្គរ និងផ្នែកទី២ បង្ហាញវត្ថុបុរាណ ចំនួន២០ ដែលបានចុះបញ្ជីថា បាត់ពីសារមន្ទីរវត្តពោធិ៍វាល សារមន្ទីរខេត្តបាត់ដំបង និងអភិរក្សដ្ឋានអង្គរ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ដោយបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបំផុសស្មារតីយុវជនឱ្យស្គាល់អត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ និងសេដ្ឋកិច្ចសង្គមក្នុងខេត្តផងដែរ។

ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌ បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ និងការបន្តវេនដឹកនាំដ៏ប្រាកដប្រជារបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកបញ្ជាក់ថា៖ «…បច្ចុប្បន្នកម្ពុជាកំពុងសិក្សាស្រាវជ្រាវបន្ត គ្មានវិនាទីណាដែលកូនខ្មែរបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ…»។

ឯកឧត្តមអគ្គនាយក បានប្រកាសបើកសម្ពោធជាផ្លូវការនូវពិព័រណ៍នេះ និងបានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អញ្ជើញចូលរួមទស្សនាឱ្យបានកុះករ ដើម្បីស្វែងយល់ពីតម្លៃដ៏អស្ចារ្យនៃមរតកវប្បធម៌ជាតិខ្មែរយើង។

គួរជម្រាបជូនថា ដើម្បីអបអរសាទរ និងញ៉ាំងឱ្យកម្មវិធីបើកពិព័រណ៍មិនអចិន្ត្រៃយ៍នេះ កាន់តែឱឡារឹក អធឹកអធម ក៏មានការសម្តែង «របាំជូនពរ, របាំងមនោសញ្ចេតនា» និងល្ខោនកំណាព្យ «រឿងសំណោកសិលា» ដែលសម្តែងដោយក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ សម្រាប់ឱ្យអង្គពិធីទាំងមូលអញ្ជើញទស្សនាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *