សៀមរាប៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិផ្ទះលំហែ «TREEHOUSE» ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្ត តំណាងអាជ្ញាធរអប្សរា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ តំណាងក្រុមហ៊ុន ទ្រីហ៊្វូល (ខេមបូឌា) ឯ.ក ក្រុមហ៊ុន ដាប់ប៊ែលយូ ២ភី អិនវ៉ាយវ៉ិនម៉ិន ព្រមទាំងភាគីពាក់ព័ន្ធនានា ។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក ង៉ូវ សេងកាក់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមផ្តល់មតិយោបល់ និងអនុសាសន៍ ដើម្បីចូលរួមធានាឱ្យដំណើរការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ប្រព្រឹត្តទៅប្រកបដោយតម្លាភាព ការទទួលខុសត្រូវ និងការចូលរួមពីគ្រប់ភាគី។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំសំខាន់សម្រាប់បង្ហាញលទ្ធផលបឋមនៃការសិក្សា និងទទួលយកមតិយោបល់ពីភាគីពាក់ព័ន្ធ មុននឹងឈានទៅកែលម្អ និងបញ្ចប់សេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការចូលរួមពីគ្រប់ភាគី នឹងជួយឱ្យការវាយតម្លៃអាចឆ្លុះបញ្ចាំងបានកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងហានិភ័យដែលអាចកើតមានពីការអនុវត្តគម្រោង។
គម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិផ្ទះលំហែ «TREEHOUSE» មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្ត្រភ្នំខ្នងចេក ភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ គម្រោងនេះមានទិសដៅអភិវឌ្ឍទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ ដោយផ្តោតលើសេវាកម្មផ្ទះលំហែ ការស្នាក់នៅ និងការសម្រាកកម្សាន្តក្នុងបរិយាកាសធម្មជាតិ ព្រមទាំងការផ្តល់បទពិសោធន៍ដល់ភ្ញៀវទេសចរតាមរយៈការស្វែងយល់ និងគយគន់សោភ័ណភាពធម្មជាតិនៃតំបន់ភ្នំគូលែន។ ក្នុងន័យនេះ ការអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់ជាពិសេសលើការរៀបចំសកម្មភាពទេសចរណ៍ឱ្យសមស្របនឹងស្ថានភាពធម្មជាតិ និងសមត្ថភាពទ្រទ្រង់របស់តំបន់ ដោយកាត់បន្ថយការរំខានដល់ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេស ត្រូវគិតគូរពីការគ្រប់គ្រងសំណល់ ការប្រើប្រាស់ និងការបញ្ចេញទឹកកខ្វក់ ការគ្រប់គ្រងសំឡេង ការប្រើប្រាស់ធនធានធម្មជាតិ ការការពារជីវៈចម្រុះ និងការរក្សាសោភ័ណភាពទេសភាព។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានលើកឡើងថា ខេត្តសៀមរាបមិនត្រឹមតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏មានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏មានតម្លៃ ដែលត្រូវការការចូលរួមថែរក្សាពីគ្រប់ភាគី។ ដូច្នេះ ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍ «អភិវឌ្ឍដោយមិនបំផ្លាញធម្មជាតិ និងទាញយកប្រយោជន៍ពីធម្មជាតិដោយមានការទទួលខុសត្រូវ»។
លោកបានបន្ថែមថា ការអភិវឌ្ឍដែលមាននិរន្តភាព គឺត្រូវគិតគូរដល់ការការពារបរិស្ថាន សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការចូលរួមរបស់សហគមន៍ ។ ប្រសិនបើមានការរៀបចំ និងការគ្រប់គ្រងបានល្អ ការអភិវឌ្ឍទេសចរណ៍អាចដើរទន្ទឹមគ្នាជាមួយការអភិរក្សធម្មជាតិ និងបង្កើតផលប្រយោជន៍រួមសម្រាប់រដ្ឋ ប្រជាពលរដ្ឋ វិនិយោគិន និងបរិស្ថាន។
លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ចូលរួមផ្តល់មតិយោបល់ និងអនុសាសន៍ដោយស្ថាបនា ដោយផ្អែកលើចំណេះដឹង បទពិសោធន៍ ជំនាញវិជ្ជាជីវៈ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសលើចំណុចដែលត្រូវពង្រឹង ចំណុចដែលត្រូវកែលម្អ និងវិធានការដែលគួរដាក់បញ្ចូលក្នុងរបាយការណ៍ ដើម្បីធានាថា រាល់ហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមាន ត្រូវបានកំណត់ វាយតម្លៃ និងគ្រប់គ្រងឱ្យបានសមស្រប។
ជាមួយគ្នានេះ លោកបានស្នើដល់ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះមតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីយកទៅពិនិត្យ ពិចារណា និងបញ្ចូលជាធាតុចូលក្នុងការកែលម្អសេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានឱ្យមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់សាធារណជន និងភាគីពាក់ព័ន្ធ ក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាថា ការអភិវឌ្ឍគម្រោងទេសចរណ៍នៅក្នុងតំបន់ធម្មជាតិ អាចប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងចីរភាព ព្រមទាំងស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសជាធរមាន៕

